ឯកឧត្តមបណ្ឌិត គង់ ម៉ារី មានមុខតំណែង ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ជាអគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និង ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល។ ឯកឧត្តមបណ្ឌិត មានជំនាញឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍, នវានុវត្តន៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ និង ធុរកិច្ច។ នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមទទួលភារកិច្ចក្នុងការជួយជំរុញ ការងារកែទម្រង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ការកសាងធុរកិច្ចថ្មី និង សហគ្រិនភាព, ការជំរុញសហគ្រាសធុនតូច និង មធ្យមឆ្ពោះទៅរកការចាប់យកឌីជីថល និង ការលើកកម្ពស់នវានុវត្តន៍ ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏មានមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះ ធុរកិច្ចថ្មី “តេជោ”, ជាប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ជាសមាជិកក្រុមប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ជាសមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ, និង ជាមន្ត្រីត្រួតពិនិត្យរដ្ឋ នៃធនាគារសហគ្រាស ធុនតូច និង មធ្យមកម្ពុជាផងដែរ។
បច្ចុប្បន្ន, ឯកឧត្តមបណ្ឌិត គង់ ម៉ារី ក៏បាន និង កំពុងដឹកនាំ ក្រុមការងារមួយចំនួនទៀតក្នុងក្របខណ្ឌ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អន្តរក្រសួង ដែលក្នុងនោះរួមមាន៖ ជាប្រធានក្រុមការងារ បច្ចេកទេសនៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធានក្រុមការងារអន្តរ ក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, ប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល, ប្រធានផ្នែកបច្ចេកវិទ្យាឌីជីថល និង សហគ្រាសសម្រាប់ខ្សែច្រវាក់តម្លៃជនបទ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម័ន្ធជនបទដើម្បីទីផ្សារកសិករ និង ពាណិជ្ជូបនីយកម្មកសិកម្ម, ប្រធានគណៈកម្មការតម្រង់ទិសគម្រោងពន្លឿននវានុវត្តន៍ និង សហគ្រិនភាព បច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា, ជាអនុប្រធានប្រចាំការក្រុមការងាររៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាកម្ពុជា, និង ជាអនុប្រធានក្រុមការងារអន្តរក្រសួង ទទួលបន្ទុក សិក្សាពីការបង្វិលសងអាករលើតម្លៃបន្ថែមទៅឱ្យភ្ញៀវទេសចរបរទេស។
ឯកឧត្តមបណ្ឌិត បានទទួលសញ្ញាបត្រអនុបណ្ឌិត និង បណ្ឌិត ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន, បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងរដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ជាសមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យ សភាកម្ពុជា។
ឯកឧត្តមបណ្ឌិត តាំង ងួនលី បច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដែលក្នុងតួនាទីនេះ ឯកឧត្តមបណ្ឌិត បានដឹកនាំ និង សម្របសម្រួល ការអនុវត្តវិធានការ គោលនយោបាយសេដ្ឋកិច្ចឌីជីថល ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទន្ទឹម នេះ, ឯកឧត្តមបណ្ឌិត ក៏ជានាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល មានតួនាទីចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឌីជីថលសម្រាប់ធុរកិច្ច និង ជំរុញការចាប់យកឌីជីថលរបស់សហគ្រាស ធុនមីក្រូ តូច និង មធ្យមក្នុងកម្ពុជា។
ក្នុងអំឡុងពេលបំពេញការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាង ៦ ឆ្នាំនេះ, ឯកឧត្តមបណ្ឌិត បាន បំពេញតួនាទីគន្លឹះជាច្រើនក្នុងការត្រួសត្រាយផ្លូវ ជំរុញឲ្យមានការអភិឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានផ្តួចផ្តើមទស្សនាទានពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល រួមមាន ការតាក់តែងគោល នយោបាយ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល, ការតស៊ូមតិជាមួយក្រសួង ស្ថាប័នលើ ការបើកចំហទិន្នន័យសម្រាប់សហបង្កើតថ្មីនិងនវានុវត្តន៍, និង ការគាំទ្រការធ្វើឌីជីថលូបនីយកម្មសេវា សាធារណៈនៅតាមបណ្តាស្ថាប័នរដ្ឋ។ ឯកឧត្តមបណ្ឌិត ក៏មានចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើការស្រាវ-ជ្រាវផ្នែកបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាថ្មីៗផងដែរ។ ផលិតផលឌីជីថលគួរឱ្យកត់សម្គាល់មួយចំនួន ត្រូវបានអភិវឌ្ឍ និង ប្រតិបត្តិទាំងវិស័យសាធារណៈ និង ឯកជន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត រួមមាន ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), កម្មវិធីទូរស័ព្ទដៃអត្តសញ្ញាណឌីជីថល (CamDigiKey), ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ថ្នាលប្លុកឆេន (CamDL), អេភីអាយបំប្លែងរូបភាព ទៅអក្សរ (OCR), អេភីអាយស្វែងរកតាមន័យ (Semantic Search), ថ្នាលទិន្នន័យធំក្នុងវិស័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Data-EF) និង ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (e-Invoicing) ជាដើម។
ឯកឧត្តមបណ្ឌិត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា, ថ្នាក់អនុបណ្ឌិតបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ មកពីសាកលវិទ្យាល័យ វាសេដា ប្រទេសជប៉ុន និង ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តកុំព្យូទ័រ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសឌិន ប្រទេសអាល្លឺម៉ង់។
បច្ចុប្បន្ន លោកជំទាវ ផល ម៉ារីណា មានមុខតំណែងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។ មុននឹងទទួលតួនាទីនេះ លោកជំទាវ បានបំពេញមុខតំណែងជាអគ្គនាយករង និង ជាអ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍ នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលទទួលបន្ទុកលើផ្នែកមិនមែនបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានដូចជា ថ្នាលផ្លាស់ប្តូរទិន្នន័យ (CamDX), ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC), ប្រព័ន្ធសម្គាល់អត្តសញ្ញាណសហគ្រាសឌីជីថល (e-KYB), និង ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) ជាដើម។ លោកជំទាវ បានដើរតួជាអ្នកសម្របសម្រួលរវាង វិស័យសាធារណៈ និង ឯកជន និង ត្រួតពិនិត្យ នៅលើផ្នែកប្រតិបត្តិការនៃសេវាកម្ម។ មុនបំពេញតួនាទីនេះ លោកជំទាវ ក៏ធ្លាប់ធ្វើការពាក់ព័ន្ធនឹងយុវជន និង យេនឌ័រផងដែរ។
លោកជំទាវ ផល ម៉ារីណា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការសិក្សាអភិវឌ្ឍន៍មកពីសាកលវិទ្យាល័យ Lund នៃប្រទេសស៊ុយអែត និង បរិញ្ញាបត្រផ្នែកសង្គមវិទ្យា (Minor ការសិក្សាស្ត្រី និង យេនឌ័រ) មកពីសាកលវិទ្យាល័យ Pacific Lutheran នៃសហរដ្ឋអាមេរិក។